Skip to main content

យល់ដឹងពីជំងឺឆ្កែឆ្កួត និង វិធីបង្ហារ

ដកស្រង់ពី គេហទំព័រថ្មី ថ្មី (https://thmeythmey.com/?page=detail&id=31243)




ដោយ​វេជ្ជបណ្ឌិត Arnaud Tarantola 
ប្រធាន​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា
 
ជា​រៀងរាល់ឆ្នាំ ទិវា​ពិភពលោក​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​តែង​ត្រូវបាន​ប្រា​រព​ធ្វើឡើង​នៅ​ថ្ងៃទី ២៨ ខែកញ្ញា។ ជំងឺ​ឆ្កែឆ្កួត​ត្រូវបាន​គេ​ស្គាល់​តាំងពី​បុរាណកាល​មកម្ល៉េះ ប៉ុន្តែ​ការព្យាបាល​ជំងឺ​នេះ​មិនមាន​ការវិវត្ត​អ្វី​ទាល់តែសោះ​រហូតមកដល់​បច្ចុប្បន្ន។ អស់​រយៈពេល៤ ៥០០ឆ្នាំ​មកហើយ ជំងឺ​ឆ្កែឆ្កួត​នៅតែ​ជា​ជំងឺ​គំរាមកំហែង​ខ្លាំង​បំផុត​ដល់​ជីវិត​មនុស្ស ព្រោះថា​ក្រោយ​ពេលចេញ​រោគសញ្ញា អ្នកជំងឺ​ត្រូវ​បាត់បង់​ជីវិត១០០%តែម្តង ។ ការបង្ការ​ជំងឺ​នេះ​អាច​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការចាក់​ថ្នាំ​បង្ការ​មុនពេល​សត្វ​ខាំ ឬ​ក្រោយពេល​សត្វ​ខាំ ប៉ុន្តែ​ត្រូវធ្វើ​មុនពេល “បង្ក​រោគ” ។

វីរុស​ជំងឺ​ឆ្កែឆ្កួត (ពួក Lyssavirus) ដែល​រស់នៅក្នុង​ទឹកមាត់​សត្វ (ឆ្កែ ឆ្មា ឬ​ថនិកសត្វ​ស្រុក ឬ​ព្រៃ​ផ្សេងទៀត) ឆ្លងទៅ​មនុស្ស​ភាគច្រើនបំផុត​តាមរយៈ​ការ​ខាំ ប៉ុន្តែ​វា​ក៏​អាច​ឆ្លងតាម​រយៈ​ការ​ក្រញៅ ឬ​ការ​លិទ្ធ​ដំបៅ​នៅលើ​ស្បែក ឬ​ការ​លិទ្ធ​ភ្នាសសើម​ផងដែរ។ អ្នក​ដែល​ត្រូវបាន​សត្វ​ទាំងនោះ​ខាំ​មិន​សុទ្ធតែ​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​នោះទេ ប៉ុន្តែ អ្នក​ដែល​បាន​ឆ្លង​ជំងឺ​ឆ្កែឆ្កួត​សុទ្ធតែ​បាត់បង់​ជីវិត។
 
នៅពេល“បង្ក​រោគ” វីរុស​ជំងឺ​ឆ្កែឆ្កួត​ដែល​ចូលក្នុង​សព៌ាង្គកាយ​សាយភាយ​នៅ​កន្លែង​របួស ហើយ​ជ្រៀតចូល​ទៅតាម​កោសិកា​នៃ​សរសៃប្រសាទ រួច​បន្ត​ទៅដល់​កោសិកា​ខួរក្បាល​ដែល​គ្រប់គ្រង​បញ្ជា​ជាពិសេស​ទៅលើ​សកម្មភាព​បេះដូង ឬ​ការដកដង្ហើម។ ក្រោយពី​រយៈពេល​សំងំ​ពី​ពីរ​បី​ថ្ងៃ​ទៅ​ពីរ​បី​ខែ (អាស្រ័យ​ទៅតាម​កន្លែង​សត្វ​ខាំ និង​ភាព​ធ្ងន់ធ្ងរ​នៃ​របួស ប៉ុន្តែ​ភាគច្រើន​គឺ​ពី៣ទៅ៥សប្តាហ៍) អ្នក​ដែល​បាន​ឆ្លង​រោគ​នឹង​មានការ​រលាក​ខួរក្បាល។ ក្នុងករណី “ជំងឺ​ឆ្កែឆ្កួត ប្រភេទ​មាន​អាកា​រៈកា​ច” (៨០%នៃ​ករណី​ឆ្លង​លើ​មនុស្ស) ជា​ញឹកញាប់ រោគសញ្ញា​ដំបូង​គឺ​ការពិបាក​លេប​អាហារ និង​មាន​វិបត្តិ​សរសៃប្រសាទ-ផ្លូវចិត្តផ្សេងៗ ជាពិសេស​គឺ​ការ​ខ្វល់ចិត្ត និង​អាកា​រៈ​ឡេះឡះ។ ជា​ញឹកញាប់ គេ​ឃើញ​មាន​រោគសញ្ញា​ខ្លាច​ទឹក ឬ​មិន​ទទួលយក​ទឹក ដោយសារតែ​មានដំណើរ​ប្រែប្រួល​នៃ​រេផ្លិច​គ្រលៀវ​លេប។ ពេលណា​ជំងឺ​ឆ្កែឆ្កួត​ចេញ​ជា​រោគសញ្ញា អ្នកជំងឺ​វិ​វត្ត​ទៅរក​ការ​សន្លប់​បាត់ស្មារតី និង​ស្លាប់ ភាគច្រើន​ដោយ​ប្រព័ន្ធ​ដកដង្ហើម​លែង​ដំណើរការ​នៅ​ពីរ​បី​ថ្ងៃ​បន្ទាប់។
 
នៅពេល​សង្ស័យថា​មានការ​ឆ្លង​រោគ​ពីស​ត្វ​ដែល​មិនបាន​ចាក់​ថ្នាំ​បង្ការ សត្វ​មិន​ស្គាល់ ឬ​សត្វ​ដែលមាន​រោគសញ្ញា​ខុស​ប្រក្រតី ត្រូវ​ចាប់ផ្តើម​ការចាក់​ថ្នាំ​បង្ការ​ក្រោយពេល​សត្វ​ខាំ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ល្អ​បំផុត​គឺ​ក្នុង​រយៈពេល​ពី២៤ទៅ៤៨ ម៉ោង​ក្រោយ។ ជាដំបូង ត្រូវធ្វើ​ការព្យាបាល​ទូទៅ​លើ​មុខរបួស៖ លាង​សម្អាត​ជាមួយ​ទឹក និង​សាប៊ូ ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ និង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​តេតាណូស។ បន្ទាប់មកទៀត ត្រូវអនុវត្ត​វិធី​ជាក់លាក់​បង្ការ​ជំងឺ​ឆ្កែឆ្កួត ដែល​សព៌ាង្គកាយ​អាច​ទទួលយកបាន ល្អ​បំផុត រួមមាន​ការចាក់​ថ្នាំ​បង្ការ ជួនកាល​រួមជាមួយ​ការព្យាបាល​ដោយ​សេរ៉ូម​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​ក្នុងករណី​របួសធ្ងន់​ធ្ង​រ របួស​លើ​មុខ ឬ​នៅ​ចុងដៃចុងជើង។ ការចាក់​ថ្នាំ​បង្ការ​នេះ​ត្រូវធ្វើ​ឲ្យ​បាន​ឆាប់​បំផុត គឺ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ដំបូង​ក្រោយពេល​ខាំ មុនពេល​លេចចេញ​នូវ​រោគសញ្ញាដំបូងៗ ដែលជា​សញ្ញា​នៃ​ការវិវត្ត​ទៅរក​សេចក្តីស្លាប់​ដោយ​ចៀស​មិន​ផុត។
 
ជំងឺ​ឆ្កែឆ្កួត គឺជា​ដើមហេតុ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង៥៥ ០០០នាក់​ជា​រៀងរាល់ឆ្នាំ​នៅលើ​ពិភពលោក ជា​ញឹកញាប់​បំផុត​នោះ គឺ​ឆ្លង​ពី​សត្វ​ឆ្កែ ដែល​ឈឺ​ជំងឺ​ឆ្កែឆ្កួត។ ក្នុងមួយឆ្នាំៗ មនុស្ស​ប្រមាណ ១៧លាន​នាក់​ទទួលបាន​ការព្យាបាល​ក្រោយពី​ត្រូវបាន​ខាំ​ដោយ​សត្វ​មិន​ស្គាល់ ឬ​សត្វ​ដែល​សង្ស័យថា​មាន​ជំងឺ​ឆ្កែឆ្កួត។ ទ្វីបអាស៊ី​មាន​មនុស្ស​ស្លាប់​ច្រើនជាងគេ គឺ​ប្រហែល៣១ ០០០នាក់​ក្នុង​មួយឆ្នាំ នេះ​បើតាម​ការប៉ាន់ប្រមាណរ​បស់​អង្គការ​សុខភាព​ពិភពលោក។ នៅ​ប្រទេស​កម្ពុជា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ចំនួន៦៣ករណី​ត្រូវបាន​រាយការណ៍​ទៅ​ក្រសួងសុខាភិបាល​នៅ​ចន្លោះ​ពី​ឆ្នាំ១៩៩៨ដល់​ឆ្នាំ២០០។ ប៉ុន្តែ នៅក្នុង​ការសិក្សា​មួយ វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​ប៉ាន់ប្រមាណ​ថា តួលេខ​នៃ​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​អាចមាន​រហូតដល់៨១០ករណី​នៅ​ឆ្នាំ២០០៧ គឺ​មានន័យថា ក្នុងចំណោម​មនុស្ស ១០០ ០០០នាក់ មាន៥,៨នាក់​បាន​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត។ នេះ​គឺជា​អត្រា​មួយ​ខ្ពស់ជាង​អត្រា​នៃ​ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ ឬ​ជំងឺគ្រុនឈាម​ទៅទៀត​នៅ​កម្ពុជា។
 
ផ្នែក​វីរុស​សាស្ត្រ ដែលជា​មជ្ឈមណ្ឌល​បង្គោល​សម្រាប់​វិភាគ​រក​ជំងឺ​ឆ្កែឆ្កួត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (ដឹកនាំ​ដោយ​បណ្ឌិត Philippe Dussard) រ៉ាប់រង​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​នៅក្នុង​ខួរក្បាល​សត្វ។ សំណាក​វិភាគ ជាង ៤០០ ត្រូវបាន​ធ្វើតេស្ត​ក្នុងមួយឆ្នាំៗ ក្នុងនោះ​ប្រហែល ៥០% មាន​រកឃើញ​វីរុស​ជំងឺ​ឆ្កែឆ្កួត។ មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត Arnaud Tarantola) ផ្តល់​ការពិគ្រោះ និង​បង្ការ​ជំងឺ​ឆ្កែឆ្កួត​បាន​ដល់​ជាង ២០ ០០០នាក់​ក្នុងមួយឆ្នាំ។ ការបង្ការ​រួមមាន​ការចាក់​ថ្នាំ​បង្ការ​សើ​ស្បែក ឬ​ចាក់​សាច់ដុំ៤ដង​ក្នុង​រយៈពេល៤សប្តាហ៍ (ថ្ងៃ​ដំបូង, ថ្ងៃទី៣, ថ្ងៃទី៧, ថ្ងៃទី២៨) នូវ​វីរុស​រៀបចំ​ដោយ​ការបណ្តុះ​កោសិកា បន្សុទ្ធ និង​កម្ចាត់​ចោល​នូវ​អានុភាព​ចម្លងរោគ។ ក្នុងករណី​សត្វ​ខាំ​ដែលមាន​ហានិភ័យ​ខ្ពស់ សេរ៉ូម​អ៊ី​មុ​ណូ​ក្លូ​ប៊ុ​យ​លីន​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​នឹងត្រូវ​ចាក់​បន្ថែម​ពេល​ចាក់​ថ្នាំ​បង្ការ​ដំបូង ដើម្បី​ផ្តល់​ការការពារ​តាមរយៈ​អង់ទីគ័រ​ក្នុងពេលដែល​រាងកាយ​ចាប់​ផលិត​អង់ទីគ័រ​របស់ខ្លួន​ផ្ទាល់​ឆ្លើយតប​ទៅនឹង​ថ្នាំ​បង្ការ។ ការកត់ត្រា​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​អ្នកជំងឺនីមួយៗអាច​អនុញ្ញាត​ឲ្យ​មានការ​ស្រាវជ្រាវ​បន្ថែម​ទៅលើ​វីរុស​ជំងឺ​ឆ្កែឆ្កួត និង​ជំងឺ​ឆ្កែឆ្កួត​នៅ​ប្រទេស​កម្ពុជា ដើម្បី​តម្រង់​ទឹ​ស​ការឆ្លើយតប​ទៅនឹង​ជំងឺ​ឆ្កែឆ្កួត​នៅ​កម្ពុជា ក៏ដូចជា​នៅ​ប្រទេសផ្សេងៗទៀត។
 
ជា​សេចក្តីសន្និដ្ឋាន ជំងឺ​ឆ្កែឆ្កួត​គឺជា​ជំងឺ​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត​នៅ​អាស៊ី និង​អាស៊ីអាគ្នេយ៍។ នៅ​កម្ពុជា ដែលជា​ប្រទេស​មាន​ជំងឺ​ឆ្កែឆ្កួត​ជាប្រចាំ ចំនួន​សត្វ​ឆ្កែ​មាន​លើសពី ៥ លាន​ក្បាល (ប្រជាជន ៣ នាក់ មាន​ឆ្កែ ១ ក្បាល) រីឯ​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​លើស​ត្វ​ចិញ្ចឹម​វិញ​នៅមានកំរិត​តិចតួច​បំផុត។ ដូច្នេះ​សូមកុំ​ទៅជិត​ឆ្កែ​មិន​ស្គាល់ កុំ​សម្លឹងមើល​ឆ្កែ​ចំ​មុខ កុំ​ធ្វើបាប​ឆ្កែ កុំ​បណ្តោយ​ឲ្យក្មេងៗប៉ះពាល់​សត្វ​មិន​ស្គាល់។ មជ្ឈមណ្ឌល​បង្ការ​ក្រោយ​សត្វ​ខាំ​មាន​ចំនួន​តិចតួច​នៅ​ប្រទេស​កម្ពុជា (រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ)។ អាស្រ័យហេតុនេះ ជាការ​ប្រសើរ គួរ​អ្នក​ដែល​ចុះទៅ​ទីជនបទ​នានា​នៃ​ប្រទេស​កម្ពុជា គិតគូរ​រក​ការចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​មុន​សត្វ​ខាំ មុននឹង​នឹង​ទៅ​ប្រឈម​នឹង​គ្រោះថ្នាក់ ដែល​ការចាក់​នោះ​រួមមាន​ការចាក់​សាច់ដុំ ឬ​ចាក់​សើ​ស្បែក៣ដង នៅ​ថ្ងៃទី១, ថ្ងៃទី៧ និង​ថ្ងៃទី២៨ និង ការចាក់​រំឭក​នៅ​មួយឆ្នាំ​ក្រោយ។ ធ្វើ​ដូចនេះ អ្នក​ដែល​ធ្លាប់បាន​ចាក់​ថ្នាំ​បង្ការ​នឹង​គ្រាន់តែ​ត្រូវការ​ចាក់​រំឭក២ដង​ប៉ុណ្ណោះ​នៅពេល​សត្វ​ខាំ ដោយ​មិនចាំបាច់​ស្វែងរក​ជាបន្ទាន់​នូវ​មជ្ឈមណ្ឌល​ដែល​អាច​ផ្តល់​សេរ៉ូម​អ៊ី​មុ​ណូ​ក្លូ​ប៊ុ​យ​លីន​ប្រឆាំង​ជំងឺ​ឆ្កែឆ្កួត​នោះឡើយ។
 
ក្រុម​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុ​ជាមាន​ទំព័រ Facebook ដែល​ផ្តល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបង្ការ​ជំងឺ​ឆ្កែឆ្កួត គឺ www.facebook.com/rpg.at.ipc ។


Comments

Popular posts from this blog

អ្វីទៅជាជំនាញទន់?

ជាទូទៅគេនិយាយថា ដើម្បីទទួលជោគជ័យក្នុងជីវិត គេត្រូវការជំនាញសំខាន់ៗពីរ: ទីមួយគឺជំនាញរឹង  (hard skill) ដែលជាសមត្ថភាពបច្ចេកទេសដើម្បីធ្វើការងារជាក់លាក់ណាមួយ ហើយទីពីរ គឺជំនាញទន់ (Soft Skill) ដែលជាជំនាញតម្រង់ច្រើនលើបុគ្គលិកលក្ខណៈ ( Investopedia )។ ជំនាញទាំងពីរនេះពិតជាសំខាន់ណាស់ក្នុងជីវិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនផ្តល់តម្លៃខ្ពស់ដល់ជំនាញរឹង និង ភ្លេចបង្កើនជំនាញទន់របស់ពួកគេ។ សម្រង់សុភាសិតរបស់ "Peggy Klaus" បាននិយាយថា "ជំនាញទន់ទទួលបានការគោរពតិចតួចប៉ុន្តែអាចធ្វើអោយអាជីពអ្នកជោគជ័យឬបរាជ័យ" ។ នៅក្នុងអត្ថបទនេះ Letsharekh នឹងចង្អុលបង្ហាញចំណុចសំខាន់ៗនៃជំនាញទន់ដូច្នេះអ្នកអាចមានគំនិតឆ្លុះបញ្ចាំងពីជំនាញទន់របស់អ្នក។ តើ "ជំនាញទន់" មានន័យពិតប្រាកដយ៉ាងដូចម្តេច? យោងតាមគេហទំព័រ ​​ techtarget ,   ជំនាញទន់អាចត្រូវបានគេហៅថា "ជំនាញមនុស្ស (People Skill)" ដែលពិពណ៌នាអំពីលក្ខណៈបុគ្គលដែលបង្ហាញពីកម្រិតខ្ពស់នៃការយល់ដឹងផ្លូវចិត្ត។ និយមន័យដ៏សាមញ្ញរបស់ខ្ញុំគឺថា ជំនាញទន់គឺជាសមត្ថភាពផ្ទាល់ខ្លួនដើម្បីរក្សាមនុស្សម្នាក់ៗឱ្យមានជីវិតសប្បាយរីករាយនិងជោគជ័យនៅក្នុងសង្គម។ ជំនាញ...

អ្វីទៅជាទ្រឹស្តី ៨០/២០?

ជាទូទៅ មានទ្រឹស្តីជាច្រើនបង្កើតដោយអ្នកប្រាជ្ញ និង មនុស្សជោគជ័យជាច្រើននៅក្នុងពិភពលោកនេះ ដែលយើងអាចរៀនសូត្របាន ហើយទ្រឹស្តីទាំងនោះក៏បានឆ្លងកាត់ការពិសោធហើយផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាក៏មិនអាចអនុវត្តបានចំពោះមនុស្សទាំងអស់ផងដែរដោយសារ កត្តា កាលៈទេសៈ និង ពេលវេលា។ ទោះបីជាដូច្នេះក្តី ការដឹងទ្រឹស្តីកាន់តែច្រើនកាន់តែល្អ ដើម្បីយើងអាចយកមកអនុវត្តក្នុងជីវិតរបស់យើងដើម្បីឈានទៅរកភាពជោគជ័យ និង គោលដៅដែលយើងបានកំណត់។ ថ្ងៃនេះ Letsharekh សូមចែករំលែកនៅទ្រឹស្តី ៨០ / ២០ ជាចំណេះដឹងហិរញ្ញវត្ថុសម្រាប់អ្នកអានទាំងអស់គ្នា។ អ្វីទៅជាទ្រឹស្តី ៨០ / ២០? យោងទៅតាមគេហទំព័រ វីគីភីឌា ទ្រឹស្តី ៨០ / ២០ ឬ ហៅថា ទ្រឹស្តី ភារាតូ (Pareto Principle) គឺជាទ្រឹស្តីមួយដែលបង្ហាញថា រាល់ព្រឹត្តិការណ៍ដែលកើតឡើង ភាគច្រើន លទ្ធផល ៨០ភាគរយនៃព្រឹត្តិការណ៍ទាំងនោះ  កើតចេញពីមូលហេតុ ២០ ភាគរយ។ ទ្រឹស្តីនេះ បានយកទៅអនុវត្តនៅគ្រប់វិស័យ ដូចជា ផ្នែកលក់ (៨០% នៃចំណូល បានពីការលក់ផលិតផលទៅ ២០ភាគរយនៃអតិថិជនទាំងអស់) ការគ្រប់គ្រងដីធ្លី (ដូចជានៅប្រទេសអ៊ីតាលី ៨០ភាគរយនៃផ្ទៃដី ត្រូវបានគ្រប់គ្រងដោយប្រជាជន​ ២០% នៃប្រជាជនទាំងអស់)។ ចុះទាក់ទងនឹងហិរញ្ញវត្ថ...

What is Soft Skill?

To be successful, it is said that we need 2 main skills in our life: first is hard skill , the technical ability to perform any specific job, and soft skill, more personality-oriented skills ( Investopedia ). Both skill is really important in our life; however, most people give higher values to hard skills and forget to improve their soft skill.  A quote of “Peggy Klaus”said that “Soft skills get little respect, but will make or break your career.” In this article Letsharekh will briefly point out the key important points of soft skill so that you can have an idea to review your soft skill. What “Soft Skill” really mean? According to techtarget , soft skill can be called “People Skill”, which describes  those personal attributes that indicate a high level of emotional intelligence. My simple definition is that soft skill is the personal ability to keep each person live a happy and success life in a society, not in a solo world. Soft skill can be the communication sk...