
ជំនាញទាំងពីរនេះពិតជាសំខាន់ណាស់ក្នុងជីវិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយមនុស្សភាគច្រើនផ្តល់តម្លៃខ្ពស់ដល់ជំនាញរឹង និង ភ្លេចបង្កើនជំនាញទន់របស់ពួកគេ។ សម្រង់សុភាសិតរបស់ "Peggy Klaus" បាននិយាយថា "ជំនាញទន់ទទួលបានការគោរពតិចតួចប៉ុន្តែអាចធ្វើអោយអាជីពអ្នកជោគជ័យឬបរាជ័យ" ។
នៅក្នុងអត្ថបទនេះ Letsharekh នឹងចង្អុលបង្ហាញចំណុចសំខាន់ៗនៃជំនាញទន់ដូច្នេះអ្នកអាចមានគំនិតឆ្លុះបញ្ចាំងពីជំនាញទន់របស់អ្នក។
តើ "ជំនាញទន់" មានន័យពិតប្រាកដយ៉ាងដូចម្តេច? យោងតាមគេហទំព័រ techtarget, ជំនាញទន់អាចត្រូវបានគេហៅថា "ជំនាញមនុស្ស (People Skill)" ដែលពិពណ៌នាអំពីលក្ខណៈបុគ្គលដែលបង្ហាញពីកម្រិតខ្ពស់នៃការយល់ដឹងផ្លូវចិត្ត។ និយមន័យដ៏សាមញ្ញរបស់ខ្ញុំគឺថាជំនាញទន់គឺជាសមត្ថភាពផ្ទាល់ខ្លួនដើម្បីរក្សាមនុស្សម្នាក់ៗឱ្យមានជីវិតសប្បាយរីករាយនិងជោគជ័យនៅក្នុងសង្គម។
ជំនាញទន់អាចជាជំនាញទំនាក់ទំនង ការគ្រប់គ្រងកំហឹង ការគ្រប់គ្រងស្ត្រេស ជំនាញក្នុងការត្រិះរិះពិចារណា ជំនាញដោះស្រាយបញ្ហាជាដើម។ ប្រៀបធៀបទៅនឹងជំនាញរឹង គឺមានមុខវិជ្ជាជាច្រើនដែលត្រូវរៀនសម្រាប់ពង្រឹងជំនាញទន់ព្រោះ វាជាជំនាញរបស់មនុស្ស។
ហេតុអ្វីបានជាជំនាញទន់គឺសំខាន់? ទីមួយវាជួយអ្នកឱ្យបើកទ្វារជាច្រើនដើម្បីទទួលបានភាពជោគជ័យនៅក្នុងអាជីពរបស់អ្នក។ ឧទាហរណ៍ អ្នកអាចដឹងពីរបៀបចម្អិនម្ហូបអាហារ ប៉ុន្តែបើអ្នកមិនចេះរបៀបទាក់ទាញអតិថិជន របៀបធ្វើឱ្យអតិថិជននិងចៅហ្វាយទុកចិត្ត នោះអ្នកនឹងមិនអាចទទួលបានជោគជ័យទេ។ ទីពីរវាជួយអ្នកទទួលបានជោគជ័យនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ការមានមិត្តស្រីឬប្រពន្ធមិនមែនជាការពិបាកនោះទេ ប៉ុន្តែប្រសិនបើអ្នកចង់រក្សាទំនាក់ទំនងឬជីវិតគ្រួសារអោយកាន់តែយូរអង្វែង អ្នកត្រូវមានជំនាញដូចជាការដោះស្រាយបញ្ហា ជំនាញទំនាក់ទំននងអន្តរបុគ្គល ការគ្រប់គ្រងភាពតានតឹង ការគ្រប់គ្រងកំហឹង និង ជំនាញចរចា ដែលអាចជួយអ្នកដោះស្រាយជម្លោះនិងបង្កើនកម្រិតនៃសុភមង្គល។
សរុបសេចក្តីមក ជំនាញទន់ពិតជាសំខាន់ណាស់នៅក្នុងជីវិតរបស់យើង។ ចូរចំណាយពេលមួយនាទីហើយគិតថាតើអ្នកមានជំនាញទន់គ្រប់គ្រាន់ឬយ៉ាងណា? តើជំនាញនេះស្ថិតនៅកម្រិតណា? ប្រសិនបើអ្នកគិតថាជំនាញរបស់អ្នកមានកម្រិតវាគឺជាពេលវេលាដ៏ល្អដើម្បីស្វែងរកវគ្គសិក្សាឬធ្វើការស្រាវជ្រាវតាមអ៊ីនធឺណិតដើម្បីបង្កើនជំនាញរបស់អ្នក។ មានវីដេអូច្រើននៅក្នុង Youtube និងគេហទំព័រ។ សម្រង់ចុងក្រោយគឺ "ជំនាញរឹងនឹងធ្វើឱ្យអ្នកជាប់ការសម្ភាសន៍ការងារមួយ ប៉ុន្តែអ្នកត្រូវការជំនាញទន់ដើម្បីទទួលបាន ជោគជ័យក្នុងការងារនិងរក្សាការងារនោះ" ។
Comments
Post a Comment