កាលពីព្រេងនាយ
មានហ្វូងសត្វស្លាបសមុទ្ររស់នៅលើឆ្នេរសមុទ្រនៃកោះដាច់ស្រយាលមួយ
ដែលគ្មានមនុស្សទៅដល់។ ជារៀងរាល់ព្រឹក សត្វចាបសមុទ្រទាំងនោះ តែងតែរត់ចាប់លៀស នឹង
គ្រំ នៅតាមឆ្នេរសមុទ្រ។
សត្វទាំងនោះមានទំលាប់មួយគឺនៅពេលទឹករលកបោកមកលើឆ្នេរ
ពួកវារត់គេចពីទឹករលកកុំអោយទទឹកខ្លួន ឬ អាចទឹករលកអូសយកទៅក្នុងសមុទ្រ។
ពេលទឹករលកបោកត្រលប់ទៅសមុទ្រវិញ ពួកវានាំគ្នារត់ចាប់សត្វលៀស និង គ្រំ
ដោយសំគាល់តាមរយៈ រន្ធខ្សាច់ណាដែលមានពពុះទឹក។ វាធ្វើដូចនេះរហូតដល់ថ្ងៃលិចទើបត្រលប់ចូលក្នុងសំបុកវិញ។
ភាគច្រើន ពួកវាចាប់បានកូនលៀសតូចៗ ហើយយូរៗម្តងទើបរកបានអាធំមួយ។
និយាយពីមេសត្វចាបសមុទ្រមួយ ទើបនឹងញាស់កូនតូច។
វាតែងតែរកចំណីអោយកូនវាស៊ី ជារៀងរាល់ថ្ងៃ។
កូននៅក្នុងសំបុកតែងតែសង្កេតមើលហ្វូងសត្វរបស់វា រកចំណី។
វាចាប់ផ្តើមកត់សំគាល់ពីរបៀបសត្វទាំងនោះរកចំណី ដោយ ម្តងរត់លើឆ្នេរខ្សាច់ពេលរលកបោកទៅសមុទ្រ
រួចរត់គេចពីរលកវិញ។
អស់រយៈពេលជាច្រើនសប្តាហ៍
កូនចាបចាប់ផ្តើមធំបន្តិច ហើយម្តាយរបស់វាគិតថា
ដល់ពេលដែលត្រូវបង្រៀនកូនអោយរកចំណីហើយ។ នាព្រឹកព្រលឹមមួយ
ព្រះអាទិត្យទើបរះពីទិសខាងកើត មេចាបបាននាំកូនរបស់វាទៅកាន់ឆ្នេរខ្សាច់ដ៏សក្បុស
ប៉ុន្តែសើមដោយសារទឹករលកជោរ នាច។ នៅទីនោះ
មានកូនចាបជាច្រើននៅចម្រុះជាមួយហ្វូងសត្វសមុទ្រនេះដើម្បីរកចំណី។
ម្តាយចាប់ផ្តើមបង្រៀនកូនពីរបៀបសម្គាល់រន្ធដែលមានចំនីតាមរយៈពពុះទឹក ហើយរបៀបចឹកពាំលៀស
និង ហែកលៀសស៊ី។ ម្តាយក៏ប្រាប់អោយកូនរត់គេចដូចគេ ដូចឯង នៅពេលទឹករហកបោកមកដល់។
កូនចាបពិតជាសប្បាយខ្លាំងណាស់ក្នុងថ្ងៃដំបូងនៃការចេញរកចំណី។
ដោយដក់អារម្មណ៍ក្នុងការតាមរកចំណី កូនចាបភ្លេចរត់គេចពីទឹករលក ក៏ត្រូវរលកបោកទៅជាមួយ។
វាឈ្លក់ទឹកស្ទើរស្លាប់ ហើយទទឹកខ្លួនជោគ។ វាចាប់ផ្តើមភ័យខ្លាច មិនហ៊ានទៅរកចំណីទៀតទេ
ទោះបីម្តាយវាមកហៅវា យ៉ាងណាក៏ដោយ។ ទោះបីជាស្រលាញ់កូនយ៉ាងណា ក៏ម្តាយគិតថា
មិនអាចនឹងផ្តល់ចំណីអោយកូនមួយជីវិតទេ ដូច្នេះសុខចិត្តធ្វើជាដាច់ចិត្ត
មិនរកចំណីអោយកូនស៊ី។
កូនចាបនោះ នៅពេលឃើញម្តាយវា មិនរកចំណីអោយ
វាចាប់ផ្តើមឃ្លានខ្លាំងណាស់ ក៏គិតចាប់ផ្តើមសាកល្បងទៅរកចំណីម្តងទៀត។ លើកនេះ
វារត់ដាច់ជើងចោល នៅពេលវាឃើញរលកបោកមកច្រាំង។ នៅពេលកំពុងរត់នោះ វាឃើញសត្វខ្យងសមុទ្រកំពុងវាលើឆ្នេរខ្សាច់។
វាចាប់ផ្តើមចេញចាប់ខ្យងនោះ តែខ្យងពួនក្នុងស្នូករហូត។ កូនសត្វនោះក៏តាមមើលខ្យងនោះ
វាឃើញថាពេលទឹករលកមកដល់ខ្យងរុលចូលក្នុងដី ពេលទឹករលកទៅវិញ
ខ្យងអាចចាប់បានសត្វលៀសសមុទ្របានច្រើន ហើយចាប់បានគ្រប់រន្ធ។ ពេកកំពុងតាមមើលនោះ
ស្រាប់តែទឹករលកមកដល់។ កូនចាប់ភ័យខ្លាំងណាស់
មិនដឹងធ្វើម៉េចព្រោះទឹករលកបានមកគៀកទៅហើយ ទោះចង់រត់ក៏មិនទាន់។ វាឃើញខ្យងរុលចូលក្នុងដីទៀត
វាក៏រុលតាមខ្យង។ ទឹករលកបានបោកបក់គ្របពីលើកូនចាប រីឯកូនចាបវិញ
បិទភ្នែកជិតនៅក្នុងទឹក។ រំពេចនោះ ស្រាប់តែកូនខ្យងបានគោះអោយកូនចាបបើកភ្នែក។
កូនចាប ចាប់ផ្តើមស្រលាំងកាំងមែនទែន
ព្រោះពេលវាបើកភ្នែកក្នុងទឹក វាឃើញសត្វលៀស និង គ្រំជាច្រើនមានធំ មានតូច ហើបចេញពីរន្ធ។
នៅពេលនេះវាដឹងថា ហេតុអ្វីបានជាខ្យងវារុលចូលក្នុងដី។ វាអរគុណខ្យងយ៉ាងខ្លាំង
ព្រោះវិធីសាស្រ្តរុលដីរបស់ខ្យងនេះ គឺមិនត្រឹមតែអាចការពារមិនអោយទឹកកួចយកទៅទេ
ប៉ុន្តែថែមទាំងអាចជួយអោយដឺងពីប្រភពចំណីទៀត។
គ្រាន់តែទឹករលកបក់ទៅវិញ វារត់ដេញចាប់បានលៀស និង
គ្រំ ទាំងធំទាំងតូចបានយ៉ាងច្រើន ហើយថែមទាំងចែកអោយសត្វក្នុងហ្វូងស៊ីទៀតផង។ សត្វស្លាបសមុទ្រ
ទាំងធំ ទាំងតូច រួមទាំងម្តាយវាផង ចាប់ផ្តើម ស្ងើចសរសើរដល់កូនសត្វនេះ
ដែលបានរកឃើញវិធីថ្មីក្នុងការរកចំនីបានច្រើន ហើយចំណាយពេលតិច។ ចាប់ពីពេលនោះមក
សត្វទាំងនោះក៏បានចាប់ផ្តើមប្រើប្រាស់វិធីសាស្ត្រថ្មីនេះដែរ
ទោះបីជាទទឹកខ្លួនបន្តិចមែន ប៉ុន្តែអាចរកចំណីបានច្រើន។ រីឯវិធីសាស្រ្តចាស់
ក៏ពួកវាមិនបានចោលដែរ ព្រោះថ្ងៃណាវាមិនចង់ទទឹកខ្លួន
វាអាចប្រើប្រាស់វិធីសាស្រ្តចាស់បាន។
គំនិតអប់រំ៖
១. មិនត្រូវចុះចាញ់នឹងការបរាជ័យនោះទេ
ត្រូវហ៊ានសាកល្បងនិង ជម្នះលើវាម្តងទៀត
២. ប្រសិនបើវិធីសាស្ត្រដែលយើងប្រើមិនជោគជ័យ
ចូរសាកល្បងវិធីសាស្រ្តថ្មី
៣. ត្រូវរៀនសូត្រពីមនុស្សនៅជុំវិញខ្លួនយើង
មិនថាអ្នកដែលស្ថិតក្នុងក្រុមជាមួយយើង ឬ មនុស្សក្នុងក្រុមផ្សេងនោះទេ។
៤. រៀនពីបរាជ័យ ហើយរៀនពីភាពវិធីសាស្ត្រជោគជ័យរបស់អ្នកដែលជោគជ័យ។
ចុះលោកអ្នកវិញ គិតថារឿងនេះបង្កប់អត្ថន័យអប់រំអ្វីខ្លះ?
ដកស្រង់និងកែសម្រួលចេញពីវីឌីអូ៖ PIPER : An Inspirational Short Film | Oscar for Best Animated Short Film (https://www.youtube.com/watch?v=U-C38nmyWH0 )

Comments
Post a Comment